នៅល្អដដែលសម្រាប់ការវិនិយោគ
រាជធានីភ្នំពេញ ៖ អចលនទ្រព្យនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស នាពេលបច្ចុប្បន្ននេះនៅតែល្អដដែលសម្រាប់អ្នកចង់ធ្វើអាជីវកម្ម។ បើយើងក្រឡេកមើលតំបន់នេះ សព្វថ្ងៃមានដំណើរការអាជីវកម្មគ្រប់ប្រភេទ មានទាំងអគារតាំងបង្ហាញ មន្ទីរពេទ្យ សាលារៀន ធនាគារ និងការិយាល័យក្រុមហ៊ុនតូចធំមួយចំនួនទៀតផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះនៅតាមបណ្តោយផ្លូវនេះក៏មានស្នាក់ការក្រសួង ស្ថាប័នរដ្ឋ និងស្ថានទូតមួយចំនួនផងដែរ ។
ជុំវិញបញ្ហាអចលនទ្រព្យនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស នេះលោកឌឹត ចណ្ណា ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ វី អឹម ស៊ី បានជួបជាមួយកោះសន្តិភាព និងបានមានប្រសាសន៍ឱ្យដឹងថា បើយើងនិយាយពីផ្លូវព្រះមុនីវង្សជាផ្លូវមួយដែលមានពាណិជ្ជកម្មខ្លាំងនៅរាជធានីភ្នំពេញយើងតែម្តង ។ យើងសង្កេតឃើញថា នៅតាមបណ្តោយផ្លូវហ្នឹងមានជាអគារពាណិជ្ជកម្មច្រើន ហើយបើមើលទៅតាមផ្ទះនីមួយៗឃើញថា មានបើកការរកទទួលទានស្ទើរគ្រប់ផ្ទះ ។ កត្តាទាំងអស់នេះហើយដែលអាចជំរុញឱ្យតម្លៃដីនៅតាមតំបន់នេះមានតម្លៃខ្ពស់ ។ នៅតំបន់នេះដែរ ក្រៅពីអគារពាណិជ្ជកម្មយើងក៏សង្កេតឃើញមានអគារតាំងបង្ហាញជាច្រើនទៀតដូចជា អគារបង្ហាញរថយន្ត អគារតាំងបង្ហាញគ្រឿងអេឡិចត្រូនិច និងរបរផ្សេងៗជាច្រើនទៀត ដូចជាធនាគារមន្ទីរពេទ្យជាដើម។
លោកបានបញ្ជាក់ពីតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវព្រះមុនីវង្សនេះថា មានបែងចែកទៅតាមតំបន់នីមួយៗ ។ តំបន់ចាប់ពីគល់ស្ពានជ្រោយចង្វាររហូតមកដល់ស្ថានីយរថភ្លើង ឬផ្លូវភ្លោះអគារកាណាឌីយ៉ា វាមានតម្លៃចាប់៣.០០០ដុល្លារអាមេរិកទៅ៣.៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ នេះចំពោះតំបន់ដែលមិនជាប់នឹងផ្លូវកែង ។ តែបើតំបន់នោះនៅជាប់នឹងផ្លូវកែងវាអាចមានតម្លៃចន្លោះពី៤.០០០ដុល្លារអាមេរិកទៅ៤.៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។ ហើយតំបន់ចាប់ពីស្ថានីយរថភ្លើងរហូតមកដល់ស្តុបបូកគោអាចមានតម្លៃចន្លោះពី៤.០០០ដុល្លារអាមេរិកទៅ៤.២០០ដុល្លារអាមេរិកក្នុងមួយការ៉េ ចំពោះដីដែលជាប់នឹងផ្លូវកែង តែបើដីនៅជាប់ផ្លូវកែងគេអាចរកបាននៅតម្លៃប្រហាក់ប្រហែល៤.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតំបន់ចាប់ពីស្តុបបូកគោរហូតដល់ស្ពានអាកាសក្បាលថ្នល់ដីអាចមានតម្លៃចន្លោះពី៣.០០០ដុល្លារអាមេរិកទៅ៣.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
No comments:
Post a Comment