Monday, January 27, 2014

ក្រសួងពាណិជ្ជកម្ម​

ភ្នំពេញ ៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​សមាគម React ដែលជា ​សមាគមន៍​មិន​រកប្រាក់​ចំណេញ​មាន​សមាជិក​ចំនួន ១៧៥​ក្រុមហ៊ុន ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ បាន​បើក​សិក្ខាសាលា​ពាណិជ្ជកម្ម​អន្តរជាតិ​២០១៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​ថ្នាក់ជាតិ ក្នុងការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​ចំពោះ​ការ​ក្លែងបន្លំ ដែល​បាន​កំពុងតែ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​ក្លែងបន្លំ​ម៉ាក​ទំនិញ​ ល្បីៗ​របស់ខ្លួន​។​
លោក អប់ រ៉ា​ឌី អនុប្រធាននាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​មកពី​ស្ថាប័ន​អនុវត្ត​ច្បាប់​សរុប​ចំនួន ៤០​រូប​ចូលរួម ក្នុង​គោលបំណង ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​ពង្រឹងសមត្ថភាព​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា ដែល​អាច​បំពេញការងា​រ​របស់ខ្លួន​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ឡើង​ ក្នុងការ​អនុវត្តន៍​ច្បាប់​កម្មសិទ្ធិបញ្ញា​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល ស្របតាម​ផែនការ​សកម្មភាព ថ្នាក់​តំបន់​ស្តីពី​ការអនុវត្ត​កម្មសិទ្ធិបញ្ញា​របស់ ASEAN ២០១១-២០១៥ ក្នុង​គោលដៅ​រួម​បង្កើត​សហគមន៍​សេដ្ឋកិច្ច ASEAN ក្នុង ​ឆ្នាំ​២០១៥​។ ជាពិសេស​តម្រូវ​ឲ្យ​រដ្ឋបាល​គយ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​ពាក់ ព័ន្ធ​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ នឹង​ប្រកាន់យក​តួនាទី​ដ៏​សំខាន់ ក្នុងការ​កំណត់​នូវ​អត្តសញ្ញាណ​ទំនិញ​ក្លែងក្លាយ ដែល​បាន​កំពុងតែ​ឆ្លងកាត់​ព្រំដែន​ចូលទៅក្នុង​សហគមន៍ ASEAN

សិក្ខាសាលា ​នេះ​បង្ហាញជូន​ផងដែរ​អំពី​និន្នាការ​ក្លែងបន្លំ​ផលប៉ះពាល់ នៃ​ទំនិញ​ក្លែងក្លាយ ការចែករំលែក​បទពិសោធ​ន៍ និង​ភាព​វៃឆ្លាត​ថ្មី​ល្អៗ​នៃ​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ដើម្បី​ជួយ​ឲ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា អាច​កំណត់​អត្តសញ្ញាណ​ទំនិញ​ក្លែងក្លាយ ដែល​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

No comments:

Post a Comment